សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

ប្រតិទិន​ទស្សនៈ​២​២​២​ថ្ងៃ

អស់ស្តុក
ជោគជ័យរបស់យើង​ គឺយើងម្នាក់ៗជាអ្នកបង្កើតឡើង តែជោគជ័យរបស់សង្គម គឺយើងជាជនសង្គមជាអ្នករួមគ្នាបង្កើតឡើង
50 000 រៀល
ពិពណ៌នាពីសៀវភៅ

សៀវភៅ “ប្រតិទិនទស្សនៈ ២២២ថ្ងៃ”  គឺជាកម្រងអត្ថបទបែបគំនិត ទស្សនៈ និងការយល់ឃើញចំនួន ២២២អត្ថបទ ដែលចែកចេញជា ៣ជំពូកធំៗរួមមាន៖

  • ជំពូកទី១ និយាយអំពីមនុស្សនិងការប្រឹងប្រែង ដ្បិតជីវិតមនុស្សកើតមករស់នៅលើផែនដីនេះ គឺត្រូវតែប្រឹងប្រែងកសាងខ្លួន ដុសខាត់ព្រលឹងខ្លួន និងរស់នៅក្នុងគុណធម៌នៃភាពជាមនុស្សត្រឹមត្រូវជានិច្ច។ 
  • ជំពូកទី២ និយាយអំពីសាសនានិងចិត្តវិញ្ញាណ  ដ្បិតមិនថាយើងកាន់សាសនាអ្វី ឬមានជំនឿលើលទ្ធិណា ឬនិកាយណាទេ គឺសំខាន់យើងត្រូវតែរស់នៅក្នុងសេចក្តីសុខសន្តិភាពពិត និងចេះមានក្តីមេត្តាករុណាចំពោះមនុស្សដូចគ្នា។ សាសនាដ៏ធំបំផុតក្នុងលោក គឺសាសនានៃសេចក្តីស្រឡាញ់ សាសនានៃចិត្តមេត្តាករុណាចំពោះគ្នានិងគ្នា។
  • ជំពូកទី៣  និយាយអំពីសង្គមនិងភាពជាអ្នកដឹកនាំ។ តួនាទីរបស់យើងដែលជាអ្នកជំនាន់ក្រោយនេះ មិនមែនត្រឹមតែប្រឹងដើម្បីរស់តែម្យ៉ាងទេ  តែត្រូវប្រឹងជួយត្រួសត្រាយផ្លូវ កសាងមាគ៌ា និងរៀបចំអនាគតសម្រាប់អ្នកជំនាន់ក្រោយ ព្រមទាំងបន្សល់ទុកនូវមរតកសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ មិនថាយើងកើតក្នុងសង្គមណាទេ គឺយើងត្រូវរស់នៅក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់ម្នាក់ ដោយមិនថាជាការទទួលខុសត្រូវចំពោះខ្លួនឯង ការទទួលខុសត្រូវចំពោះគ្រួសារ  និងការទទួលខុសត្រូវចំពោះសង្គមដែលយើងរស់នៅទេ៕

 

អំពីអ្នកនិពន្ធ

អំពីខ្ញុំ ឡាំ លីម បច្ចុប្បន្នខ្ញុំជាកសិករធ្វើស្រែសម្រាប់តែមួយក្រពះ និងសល់ពេលខ្លះធ្វើការងារសហគមន៍បន្តិចបន្តួចជាមួយយុវជន។ ប៉ុន្តែបើនិយាយពីមុន គឺពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៧ ខ្ញុំធ្លាប់បម្រើការងារនៅតាមអង្គការក្រៅរដ្ឋាភិបាល សមាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន។ ទំនួលខុសត្រូវរបស់ខ្ញុំភាគច្រើនពាក់ព័ន្ធនឹងការងារជាមួយយុវជន យុវវ័យ និងក្មេងៗក្រីក្រនៅតាមសហគមន៍តំបន់ដាច់ស្រយាល។ ថ្វីត្បិតតែខ្ញុំមានកំណើតនិងរស់នៅក្រុងអង្គរ សម្បូរប្រាសាទបុរណច្រើនកុះករ ព្រមទាំងមានភ្ញៀវទេសចរច្រើនដេរដាស តែខ្ញុំពុំមានបទពិសោធការងារទាក់ទងនឹងវិស័យឯកជនឬបដិសណ្ឋារកិច្ចនោះឡើយ។

 

ប្រហែលជាដោយសារតែខ្ញុំបម្រើការងារពាក់ព័ន្ធនឹងវ័ស័យអប់រំក្រៅប្រព័ន្ធ ការងារជាមួយយុវជន និងបានជួបប្រទះទិដ្ឋភាពលំបាកៗជាច្រើននៅតាមជនបទ ទើបធ្វើឱ្យខ្ញុំមើលឃើញពីបញ្ហាសង្គមជាក់ស្តែង ក្នុងនាមជាយុវជនម្នាក់។ ខ្ញុំចាប់ផ្តើមការងារអង្គការក្រៅរដ្ឋាភិបាលដំបូងនៅឆ្នាំ២០០៩ ក្នុងវេលាដែលខ្ញុំ ជាសិស្សថ្នាក់ទី១១ នៅឡើយ។ ខ្ញុំសកម្មជាមួយការងារច្រើនជាងការសិក្សា ដ្បិតកើតមកក្នុងត្រកូលកសិករ រស់ដោយសារស្រែ។ ពេលខ្ញុំបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិភ្លាម ខ្ញុំមានជម្រើសរើសយកការសិក្សាថ្នាក់ឧត្តម តែស្ថានភាពគ្រួសារបង្ខំខ្ញុំឱ្យបន្តដំណើរជីវិតជួយជ្រោមជ្រែងគ្រួសាររហូតដល់ចប់ចុងចប់ដើម។ និយាយរួម ខ្ញុំយកការងារជាក់ស្តែងជាគ្រូរបស់ខ្ញុំ និងយកចៅហ្វាយនាយជាគ្រូបង្វឹកផ្ទាល់។ ថ្វីបើខ្ញុំគ្មានពេលវេលារៀននៅសាលា តែខ្ញុំមានគ្រូបរទេសដ៏អស្ចារ្យ មានខួរក្បាលឆ្លាត និងមានបទពិសោធន៍ជីវិតល្អៗ បានបង្វឹកខ្ញុំ ធ្វើជាគ្រូខ្ញុំ និងបង្រៀនមេរៀនជាក់ស្តែងជាច្រើនដល់ខ្ញុំ។ បើគ្មានគាត់ទេ ខ្ញុំក៏គ្មានថ្ងៃនេះដែរ។ និយាយពីការអប់រំផ្លូវការរបស់ខ្ញុំវិញ បច្ចុប្បន្នខ្ញុំនៅជានិស្សិតនៅឡើយទេ។

 

បើសួរខ្ញុំថា តើខ្ញុំមានបំណងប្រាថ្នាអ្វី? សំនួរនេះខ្ញុំពិបាកឆ្លើយ ពីព្រោះក្រែងល៎វាខុសពីចម្លើយដែលសង្គមមនុស្សទូទៅបានកំណត់។ ជីវិតខ្ញុំឥតស្រែកឃ្លាននូវភាពជោគជ័យ ឬចង់ឈ្នះចាញ់លើបុគ្គលណាទេ តែខ្ញុំគ្រាន់តែចង់ប្រើជីវិតរស់នៅឱ្យមានន័យ និងក្លាយទៅជាអ្នកចម្បាំងដែលឈ្នះខ្លួនឯងប៉ុណ្ណោះ។ ជោគជ័យរបស់ខ្ញុំ គឺជាអត្ថន័យជីវិត និងឈ្នះខ្លួនឯង។ ជីវិតដែលអាចស្វែងរកអត្ថន័យបាន លុះត្រាណាតែមានចំណេះវិជ្ជា និងឧស្សាហ៍ប្រើពេលវេលាពិចារណាលើខ្លួនឯងជាប្រចាំញឹកញាប់។ តាមរយៈបទពិសោធជីវិតជាក់ស្តែង ខ្ញុំបានរៀននូវមេរៀនជាច្រើនដែលគ្មានបង្រៀននៅសាលា។ តាមរយៈការអានសៀវភៅបន្ថែម ខ្ញុំកាន់តែយល់បន្ថែមពីខ្លួនឯង។ ទស្សនៈអំពីជីវិតទាំងអស់ដែលខ្ញុំបានហែលឆ្លងកាត់ផ្ទាល់ វាធ្វើឱ្យខ្ញុំចង់ខ្ជាក់ចេញ និងចង់ចែករំលែកដល់យុវជនក្រោយៗ។ ខ្ញុំហ៊ាននិយាយថា “ជីវិត វាលំបាកខ្លាំងណាស់ តែវារឹតតែលំបាក បើយើងមិនប្រឹងប្រែងទាល់តែសោះ”។ បទពិសោធដែលខ្ញុំទទួលបាន វាប្រៀបបាននឹងការដកដង្ហើមចូល តែសំណេរដែលខ្ញុំអត់ធ្មត់សរសេរចែករំលែកបន្ត គឺវាប្រៀបដូចជាការដកដង្ហើមចេញ។ សំណេររបស់ខ្ញុំ មានគោលបំណងតែមួយគត់ គឺចែករំលែកទស្សនៈអំពីការប្រឹងប្រែងជួយខ្លួនឯង ជួយសង្គមដោយកុំធ្វើជាបន្ទុករបស់សង្គម និងរស់នៅសាមគ្គីគ្នាក្នុងនាមជាមនុស្ស៕

អ្នកផ្គត់ផ្គង់
  • សៀវភៅជីវិត
ប្រភេទ
  • ចិត្តវិទ្យា និងទស្សនៈវិទ្យា
ភាសា
  • ខ្មែរ
ការនិពន្ធ
  • ឡាំ លីម
ព័ត៌មានលំអិតពីសៀវភៅ
  • 333
  • 2019
  • 1
  • 9789924922032
  • ក្រដាសសៀវភៅ
  • A5
  • កាកអំពៅ

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.