សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

ទេព​ច្យុត​ក្លែង​ក្លាយ

អស់ស្តុក
28 000 រៀល
ពិពណ៌នាពីសៀវភៅ

ហេតុអ្វីវុទ្ធីដាក់ចំណងជើងរឿងថា ទេពច្យុតក្លែងក្លាយ?

វាជារឿងពិតមួយ ក្នុងចំណោមរឿងពិតជាច្រើន ដែលសរសេរចូលទៅក្នុងសាច់រឿងទាំងមូល។

 

កាលនោះ ខ្ញុំនិងគេ បានអង្គុយមើលកាំជ្រួចក្នុងថ្ងៃឆ្លងឆ្នាំជាមួយគ្នា នៅលើដំបូលអគារដូចគ្នា តែគេមិនបាននិយាយថា កាំជ្រួចនោះ ជាទេពច្យុត ឬជាទេពច្យុតក្លែងក្លាយអ្វីនោះទេ។ គេគ្រាន់តែប្រាប់ខ្ញុំថា វាស្រដៀងនឹងទេពច្យុត។ ពេលនោះខ្ញុំសួរគេថា ធ្លាប់បានឃើញទេពច្យុតដែរទេ? គេថា ធ្លាប់ឃើញម្ដង កាលពីគេនៅក្មេង ហើយរំពឹងថា ថ្ងៃណាមួយនឹងបានឃើញម្ដងទៀត។ ខ្ញុំក៏បន្ថែមទៅគេថា ឆ្នាំក្រោយពួកយើងមើលកាំជ្រួចជាមួយគ្នាទៀតទៅ ព្រោះយ៉ាងណា វាក៏ស្រដៀងទេពច្យុតស្រាប់ទៅហើយ។ តាមការពិតទៅ ចំណងជើងនេះ ខ្ញុំទើបតែនឹកឃើញពេលសរសេរដល់ឈុតមួយនោះឯង ព្រោះពីដំបូង ខ្ញុំមិនទាន់ដឹងថា រឿងខ្ញុំមានចំណងជើងយ៉ាងម៉េចទេ។

 

ទេពច្យុតក្លែងក្លាយ គឺជាពាក្យទំហៀបន័យឲ្យពាក្យថា “ស្នេហាក្លែងសំបកកាយ”។ ទេពច្យុត ប្រៀបនឹងក្ដីស្នេហាដែលកម្រនឹងពើបប្រទះណាស់ កាលបើប្រទះហើយ ម្នាក់ៗតែងមានចិត្តអំណរសាទរ និងសប្បាយរីករាយជាមួយក្ដីស្នេហានោះគ្រប់ៗគ្នា។ ត្រង់នេះ អ្នកដែលសប្បាយរីករាយជាមួយក្ដីស្នេហានោះក៏មិនបានដឹងឡើយថា ស្នេហាជាអ្វី ហាក់បីដូចជាមនុស្សដែលមិនបានដឹងថា តើ ទេពច្យុត គឺជាអ្វីឲ្យប្រាកដ? ទេពច្យុតក្លែងក្លាយ គឺស្នេហាដែលក្លែងក្លាយ ក្លែងសំបក មានចិត្តផ្សេង តែមានរូបកាយផ្សេង នេះហើយជាអត្ថន័យនៃពាក្យថា ទេពច្យុតក្លែងក្លាយ។

 

យើងនឹងបានឃើញសម្ដីតួអង្គ មន្ត មុនិន្ទ ដែលនិយាយថា “ចុះឯងពេញចិត្តទេពច្យុតក្លែងក្លាយហ្នឹងដែរអត់?” ។ នៅត្រង់នេះ ខ្ញុំចង់សួរទៅកាន់ក្រុមអ្នកដែលស្រឡាញ់ភេទដូចគ្នាថា តើពេញចិត្តជាមួយក្ដីស្នេហារបស់ពួកគាត់ដែរទេ បើទោះបីជាវាខុសពីធម្មជាតិ? អ្នកអាននឹងឃើញចម្លើយពីតួអង្គ ឌី នរៈបុត្រ ដែលនិយាយក្នុងចិត្តថា បើទោះជាវាក្លែងក្លាយ វាក៏ស្រស់ស្អាតតាមរបៀបវា។ នេះខ្ញុំបានសង្កត់ន័យឲ្យស្នេហាដែលខុសធម្មជាតិនោះថា បើទោះបីជាខុសធម្មជាតិ តែវាជាសុភមង្គលពិតបា្រកដ តាមរបៀបរបស់ពួកគេ។ ទាំងនេះ គឺជាអត្ថន័យដែលខ្ញុំដាក់ចំណងជើងរឿងថា ទេពច្យុតក្លែងក្លាយ។

 

និយាយត្រង់ទៅ ពេលសរសេររឿងនេះចប់ ខ្ញុំមានការស្ទាក់ស្ទើរខ្លាំងណាស់ក្នុងការបោះពុម្ពផ្សាយ ដោយសារ វាអាចនឹងក្លាយជាថ្នាំបំពុលសង្គមឲ្យវឹកវរ ដូចសម្ដីរបស់តួអង្គឈ្មោះ មុនិន្ទ ដូច្នោះមែន។ ការដែលខ្លាចនេះ ក៏ដោយសារតែសាច់រឿងរបស់ខ្ញុំ មានទំនោរកាន់ជើងអ្នកស្រឡាញ់ភេទដូចគ្នា ខ្លាំងបន្តិច។

 

ដល់ពេលគិតឲ្យយូរទៅ ខ្ញុំក៏ដាច់ចិត្តថា “បើគ្រាន់តែនិយាយរឿងក្នុងចិត្ត ខ្ញុំត្រូវគេនិន្ទា ក៏ឲ្យប្រះទៅចុះ”។ យ៉ាងណាមិញ ខ្ញុំពិតជាអរគុណខ្លាំងណាស់ សម្រាប់ការគាំទ្ររបស់បងប្អូនទាំងអស់គ្នា។ បើសិនជាចង់ដឹងថា តើពេលណាខ្ញុំសរសេររឿងបែបនេះទៀត? ខ្ញុំនឹងព្យាយាមរកនឹកថា តើក្នុងឆាកជីវិតខ្ញុំ មានកន្លែងណាដែលខ្ញុំមិនទាន់បានសរសេរចូល ក្នុងរឿងទេពច្យុតក្លែងក្លាយ? ជួបគ្នាជាមួយរឿងថ្មីឆាប់ៗនេះ...

អ្នកផ្គត់ផ្គង់
  • Thy#Seavphov
ប្រភេទ
  • ប្រលោមលោក
ភាសា
  • ខ្មែរ
ការនិពន្ធ
  • ធឿន វុទ្ធី

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.