សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

គំនិត​ជា​កំណើត

អស់ស្តុក
32 000 រៀល
ពិពណ៌នាពីសៀវភៅ

ដរាបណាយុវជននៅតែខ្វះចន្ទៈក្នុងការកាន់ប៊ិក​ កាន់សៀវភៅ គឺដរាបនោះយុវជននៅតែជាបន្ទុកដ៏ធ្ងន់របស់សង្គមដោយចៀសពុំរួច។​ មនុស្សល្ងង់រស់នៅជាផ្នែកនៃបញ្ញា​ ហើយមនុស្សមានបញ្ញារស់នៅជាផ្នែកនៃដំណោះស្រាយ។ ការទទួលស្គាល់ពីភាពល្ងង់ខ្លៅរបស់ខ្លួនឯង វាពុំមានអ្វីដែលគួរឱ្យខ្មាសទេ​ តែអ្វីដែលគួរខ្មាសគឺការគ្មានឆន្ទៈក្នុងការរៀនសូត្រ។ 

 

១) បើនិយាយឱ្យខ្លី ពីគោលគំនិតធំបំផុតនៅក្នុងសៀវភៅមួយក្បាលនេះ គឺគ្មានអ្វីក្រៅតែពីការជំរុញយុវជនឱ្យខិតខំរៀនសូត្រ ឱ្យតម្លៃលើចំណេះដឹង និងចេះគិតគូរពិចារណាបានវែងឆ្ងាយនោះឡើយ។ ពិចារណាពីខ្លួនឯង គិតអ្នកដទៃ គិតសង្គម គឺជាគោលធំទាំងបីនៃមាតិកាសៀវភៅនេះ។ ទោះជាយ៉ាងណា ខ្ញុំពុំអាចដឹងថា តើអត្ថន័យនៅក្នុងសៀវភៅមួយក្បាលនេះ អាចជួយដល់អ្នកអានបានតិចតួច ឫបានច្រើននោះទេ។ តែក្នុងនាមក្នុងខ្ញុំជាអ្នកសរសេរសៀវភៅមួយក្បាលនេះផ្ទាល់ គឺបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួចស្រេចបាច់ហើយ។

 

២) ខ្ញុំនៅតែនិយាយដដែលៗថា ក្ដីព្រួយបារម្ភរបស់គ្រួសារមួយ នឹងកើតឡើងនៅពេលដែល កូនចៅមិនស្រលាញ់ការរៀនសូត្រ ពុំឱ្យតម្លៃលើសៀវភៅ។ ក្ដីបារម្ភរបស់សង្គមជាតិមួយ គឺមានយុវជនដែលមិនអើពើ មិនប្រឹងស្រវាកាន់ប៊ិចកាន់សៀវភៅ មិនឱ្យតម្លៃលើចំណេះវិជ្ជា។ សង្គមណាដែលមានយុវជន ជាអ្នកប្រឹងប្រែងរៀនសូត្រ ជាសង្គមដែលមានសំណាង សំណាងព្រោះបន្ទុកនៃសង្គមនឹងមិនធ្ងន់ទៀតទេ នៅពេលដែលយុវជន ក្លាយទៅជាពលរដ្ឋដែលចេះគិតគូរ ជួយខ្លួនឯងជាជាង រំពឹងចាំការជួយពីសង្គម។ ជាការពិតដែលថា មេដឹកនាំមានតួនាទីទទួលខុសត្រូវលើវាសនាជាតិ តែជាតិដែលខ្លាំងមិនអាចខ្លាំងតែមេដឹកនាំតែម្នាក់ឯងនោះទេ តែត្រូវមានពលរដ្ឋខ្លាំងដែលអាចជួយកសាងមេដឹកនាំឱ្យល្អ ដើម្បីអាចទទួលខុសត្រូវលើវាសនាជាតិបាន។

 

៣) សង្គមយើងទាំងអស់គ្នានឹងដើរទៅមុខ បើពលរដ្ឋគ្រប់រូបមានស្ពាយនៅអាវុធរៀងៗខ្លួន ដែលយើងអាចហៅបានថា “ចំណេះវិជ្ជា”។ ១០០ ភាគរយនៃការសាងសង់សង្គម គឺត្រូវការយុវជនដែលមានចំណេះដឹងពេញលេញ ចរិតលក្ខណៈល្អប្រសើរ និងត្រូវបំពាក់បំប៉នមនសិការជាតិមុនអ្វីទាំងអស់ ឬអាចនិយាយបានថា ត្រូវគិតជាតិមុនគិតអ្វីទាំងអស់ បន្ទាប់ពីមានចំណេះវិជ្ជាក្នុងខ្លួនហើយ។

 

៤) ការប្រឹងប្រែងសិក្សារៀនសូត្រ គឺជាគ្រឹះតែមួយគត់ បើសិនជាយើងចង់កសាងខ្លួនឯងឱ្យមានភាពខ្លាំងក្លា។ ហើយភាពខ្លាំងនៅក្នុងខ្លួន ត្រូវតែជាមូលដ្ឋានគ្រឹះចាំបាច់បំផុត បើសិនជាពិតជាចង់ជួយអ្នកដទៃ និងចង់ជួយសង្គមដែលខ្លួនកំពុងតែរស់នៅមែននោះ។ ការសម្រួចខ្លួនឱ្យមុតមាំ ជោកជាំដោយចំណេះដឹង គឺជារឿងដែលពុំអាចចៀសផុត។ គេចមិនផុតទេដែល យុវជនត្រូវតែសំលៀងខ្លួនឯង ឱ្យមុតមាំជានិច្ច។ ពាក្យនេះអាចនិយាយបានគ្រប់គ្នា តែវាពុំស្រួលដូចការនិយាយនោះឡើយ ចង់មិនចង់ត្រូវរៀនសូត្រឱ្យច្រើន ត្រូវប្រឹងដុសខាត់សំលៀងខ្លួនឯងជាប្រចាំ បើសិនជាយើងពិតជាស្រឡាញ់សង្គមមែននោះ។

 

អំពីអ្នកនិពន្ធ

ខ្ញុំមានឈាមជ័រជាកូនកសិករលើទឹកដីជង្រុកស្រូវកម្ពុជា គឺខេត្តបាត់ដំបង។ ជាកុមារដែលបានចាកចោលស្រុកកំណើតនិងចាប់ផ្តើមរស់នៅជាមួយគ្រួសារនៅលើទឹកដីថ្មីខេត្តបន្ទាយមានជ័យ ជីវិតខ្ញុំផ្ទាល់ពុំដែលបានប្រលូកលើការធ្វើស្រែចម្ការសោះឡើយ។ ទឹកដីថ្មី ចាប់ផ្តើមសារថ្មី តែខ្ញុំនៅតែអាចធំធាត់ឡើងបានដោយការចិញ្ចឹមបីបាច់ផ្ទាល់ដៃរបស់អ្នកម្ដាយនិងបងស្រី បើទោះបីខ្ញុំពុំដែលបានឃើញ និងពុំដែលប្រើពាក្យថាពុកទៅកាន់នរណាម្នាក់ក៏ដោយ។ ជីវិតនេះមិនលំបាកពេកទេ ដ្បិតខ្ញុំនៅតែអាចបន្ដដំណើររៀនសូត្ររហូតដល់បញ្ចប់ថ្នាក់វិទ្យាល័យ និងបានបន្ដរហូតដល់ចប់បរិញ្ញាបត្រនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ឯកទេសច្បាប់។ 

 

បច្ចុប្បន្ននេះ ខ្ញុំកំពុងបម្រើការងារឱ្យក្រុមហ៊ុនឯកជនមួយ។ មិនថាការងារបច្ចុប្បន្ន ឬការងារពីមុននោះទេ គឺតួនាទីភាគច្រើន ខ្ញុំត្រូវទទួលបន្ទុកលើផ្នែកធនធានមនុស្សរបស់អង្គភាព។ ដោយសារធនធានស្ទើរតែទាំងស្រុងនៃអង្គភាពនីមួយៗ សុទ្ធសឹងតែយុវជន ទើបធ្វើឱ្យខ្ញុំមានឱកាសឈ្វេងយល់បានច្រើនគួរសមពីស្ថានភាពយុវជន ចរិតលក្ខណៈយុវជន និងចិត្តសាស្រ្តយុវជន។ ទស្សនៈដែលខ្ញុំតែងតែចែករំលែកដល់យុវជនសម្រាប់ពិចារណាគឺ “មនុស្សម្នាក់ៗមិន​មែនត្រឹមតែជាធនធានរបស់អង្គភាពប៉ុណ្ណោះទេ តែយើងក៏ជាធនធានដ៏មានតម្លៃនៅក្នុងសង្គមជាតិផងដែរ។ ដូចនេះ យើងត្រូវប្រឹងប្រែងទាំងក្នុងវិស័យការងារ ហើយដាច់ខាតក៏មិនត្រូវភ្លេចការរៀនសូត្រផងដែរ”។

អ្នកផ្គត់ផ្គង់
  • សៀវភៅជីវិត
ប្រភេទ
  • ការគិត
ភាសា
  • ខ្មែរ
ការនិពន្ធ
  • ទេព សុផានេត
ព័ត៌មានលំអិតពីសៀវភៅ
  • 300
  • 1
  • ក្រដាសសៀវភៅ
  • A5
  • កាកអំពៅ

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.